គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រសៀលនេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តម​ភរិយា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការ​ប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើង​នៅ​កម្ពុជាជាលើកដំបូង។

ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏នឹងមាន​ការ​អញ្ជើញ​ចូល​រួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡាស៊ីហ្គេមលើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីក៏មានការអញ្ជើញចូលរួមពី​សំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តា​ប្រទេស​ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីជាច្រើនរូប។

ពិធីនារសៀលថ្ងៃនេះ នឹងមានការបំពាក់គ្រឿងឥស្សរិយយសជូនដែលដល់​អ្នក​ចូលរួមរៀបចំព្រឹត្តិការណ៍ប្រកួត អាហារសាមគ្គី និងមានការបង្ហាញជូន​ផ្ទាំង​ទស្សនីយភាពសិល្បៈមួយចំនួនទៀត។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​ការប្រកួតកីឡាស៊ីហ្គេមលើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់​ពី​ទន្ទឹង​​រង់ចាំអស់រយៈពេលប្រមាណជា៦៤ឆ្នាំ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបាន​បើក​ការប្រកួតតាមការគ្រោងទុកនៅដើមខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាទាំងពីរនេះ មានប្រតិភូកីឡាចូលរួមសរុ​ប​រហូតដល់​ទៅជិត ៤ពាន់នាក់។

បើទោះបីកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកដំបូង តែកម្ពុជា បានបង្កើតឱ្យមានការចាប់អារម្មណ៍ជាច្រើនលើការរៀបចំបើក និងបិទព្រឹត្តិការណ៍ប្រកួត។ ពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាផ្លូវការ បានបង្កើតនូវ «ភាពភ្ញាក់ផ្អើល និងភាពអស្ចារ្យ» ប្រកបដោយប្រណិតភាព និងភាពឥតខ្ចោះ។ ទស្សនីយភាពនៃពិធីបានជះឥទ្ធិពលពីកម្ពុជាទៅគ្របដណ្ដប់ ប្រជាជាតិទូទាំងពិភពលោក ពិសេសភ្ញាក់ផ្អើលដល់ចលនាអូឡាំពិកអន្តរជាតិ​ដែលមានសមាជិក ២០៥ប្រទេស និងប៉ារ៉ាឡាំពិកអន្តរជាតិដែលមានសមាជិក ២០៨ប្រទេស។ អ្វីដែលលើសពីការរំពឹងទុក គឺអរិយធម៌ អង្គររបស់បុព្វបុរសខ្មែរ និងសក្តានុពលជាតិគ្រប់វិស័យត្រូវបានដាក់បង្ហាញយ៉ាងទាក់ទាញបំផុតធ្វើឱ្យបរទេស កាន់តែស្គាល់បេះដូងខ្មែរពិតប្រាកដ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នោះ បាន​ប្រែក្លាយផ្ទាំងទស្សនីយភាពពិធីបើកពីកម្រិតស្តង់ដាព្រឹត្តិការណ៍ ប្រកួតកីឡាតំបន់ ឬទ្វីប ទៅជាពិធីបើកកម្រិតស្ដង់ដាអូឡាំពិកពិភពលោក។

ព្រឹត្តិការណ៍ដែលនាំឱ្យគេភ្ញាក់ផ្អើលថែមទៀតនោះ គឺការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន មិនយកថ្លៃស្នាក់នៅ ហូបចុក ដឹកជញ្ជូន ពីប្រតិភូកីឡាចូលរួមទាំងអស់, មិនលក់សំបុត្រចូលទស្សនា​ពិធី​បើក​-បិទ និងការប្រកួតគ្រប់ប្រភេទកីឡា, មិនយកថ្លៃ «សិទ្ធិផ្សាយទូរទស្សន៍» គ្រប់ប្រព័ន្ធផ្សព្វផ្សាយ,
មិនយកថ្លៃទិដ្ឋាការគ្រប់ប្រតិភូកីឡា និងមន្ត្រីបច្ចេកទេសអន្តរជាតិ​មកពីគ្រប់ទិសទីជុំវិញពិភពលោក។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយទទួលបានការឯកភាពពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កម្ពុជាបានដាក់បញ្ចូលប្រភេទកីឡាចំនួន ៣៧រួមមានប្រភេទ កីឡាអូឡាំពិកចំនួន ២៣ និងប្រភេទកីឡាមិនអូឡាំពិកចំនួន១៤ ក្នុងនោះកម្ពុជាបានបញ្ចូលកីឡា អត្តសញ្ញាណជាតិចំនួន ៣ ប្រភេទកីឡាផងដែរ រួមមាន៖ គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ។ ដោយឡែកសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយបានការឯកភាពពី សហព័ន្ធកីឡាប៉ារ៉ាអាស៊ាន កម្ពុជាបានដាក់​បញ្ចូល​ប្រភេទកីឡាចំនួន១៣។

ជាលទ្ធផល កម្ពុជាទទួលបានលទ្ធផលបច្ចេកទេសលើសពីការរំពឹងទុក ដែល​ប្រជា​ជន​កម្ពុជាទាំងក្នុង និងក្រៅប្រទេសមានអារម្មណ៍ភ្ញាក់ផ្អើលពីសមត្ថភាពដ៏ខ្លាំងក្លា ទេពកោសល្យដ៏ប៉ិនប្រសព្វ ជំនាញវិជ្ជាជីវៈកីឡា ដ៏គត់មត់ រួមជាមួយការបង្ហាញ​នូវអត្តចរិកសមរម្យ ឥរិយាបថថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត ក្រមសីលធម៌កីឡា គោលការណ៍លេងដោយយុត្តិធម៌របស់អត្តពលិកជាតិទើបអត្តពលិកស៊ីហ្គេមកម្ពុជាដណ្តើមបានមេដាយមាស៨១ មេដាយប្រាក់៧៤ និងមេដាយសំរឹទ្ធ ១២៧ សរុប​ចំនួន​២៨២ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រខ្ពស់ ជាងគេបំផុតសម្រាប់​កម្ពុជា ដែល​បានឈរចំណាត់ថ្នាក់ទី៤ ក្នុងចំណោម១១ប្រទេស។ រីឯអត្តពលិក ប៉ារ៉ាហ្គេម​ក៏បានបង្ហាញពីសមត្ថភាពការតស៊ូ និងទេពកោសល្យជំនាញកីឡា យ៉ាងប៉ិនប្រសព្វធ្វើឱ្យមហាជនកោតសរសើរ គោរពឱ្យតម្លៃគ្រប់ៗគ្នា។ ក្នុងនោះ លទ្ធផលបច្ចេកទេសក៏បានទទួលលើសពីការគ្រោងទុក គឺមេដាយមាស៩ មេដាយ​ប្រាក់១៩ និងមេដាយសំរឹទ្ធ៤៥ សរុបចំនួន៧៣ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ លេខ​៨ ក្នុងចំណោម១១ប្រទេស។

ជាមួយគ្នានេះ ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល និងប្រាក់រង្វាន់លើកទឹក​ចិត្តផ្ទាល់​របស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់អត្តពលិកជ័យ​លាភីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួចរាល់ ក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ។ រីឯ ប្រាក់រង្វាន់របស់ក្រុមហ៊ុនសប្បុរសជននានាក៏ត្រូវបានប្រគល់ជូនដល់អត្តពលិកជ័យលាភីរួចរាល់ផងដែរ។

តាមរយៈការរៀបចំការប្រកួតកីឡាទាំងពីរនេះ កីឡាអត្តសញ្ញាណជាតិ ត្រូវបាន​លើក​កម្ពស់គុណតម្លៃខ្ពស់ត្រដែត ផ្សព្វផ្សាយពាសពេញប្រទេស និងលើ ឆាកអន្តរ​ជាតិ
ហើយកម្ពុជាក៏ដណ្ដើមបានឧត្តមភាពមេដាយខ្ពស់លើប្រភេទកីឡាអត្តសញ្ញាណជាតិទាំងបីគឺ គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ។ ពិសេសជាងនេះ គុនខ្មែរ និងគុនល្បុក្ក​តោ ត្រូវបានក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍អនុម័ត និងសម្រេចដាក់បញ្ចូលលក្នុងធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
បានយ៉ាងជោគជ័យសម្រាប់អនាគតនៃការបន្តអភិវឌ្ឍកីឡាយុទ្ធគុនខ្មែរទាំងពីរលើឆាកអន្តរជាតិ។

ការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក ដឹកជញ្ជូន ការរៀបចំការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ផ្នែកការរៀបចំសុខាភិបាល សង្គ្រោះ និងព្យាបាល អំឡុងពេលប្រកួត បានប្រព្រឹត្តទៅ​យ៉ាងរលូនតាមការគ្រោងទុក និងមិនមានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ផ្ទុយទៅវិញ តែងទទួលបាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអ្នកចូលរួមទាំងអស់។ ពិសេស ភូមិកីឡាបានបន្ថែមពិន្ទុឱ្យកម្ពុជាជាប់ក្នុងប្រទេសម្ចាស់ផ្ទះ ដែលគោរពតាមស្តង់ដា ស្នាក់នៅ ហូបចុក កម្រិតលក្ខខណ្ឌតម្រូវរបស់​កីឡាអូឡាំពិក។

ទីលានប្រកួតកីឡាទាំងអស់ត្រូវបានរៀបចំកម្រិតស្តង់ដាកីឡាអន្តរជាតិ និងបានគោរពតាមនិយាមនៃបទប្បញ្ញត្តិបច្ចេកទេសរបស់សហព័ន្ធកីឡាអន្តរជាតិ ពិសេស ការបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស ឧបករណ៍ សម្ភារៈវិនិច្ឆ័យការ​ប្រកួតឧបករណ៍បច្ចេកវិទ្យាកំណត់ពេលវេលា និងកំណត់ពិន្ទុ ការតុបតែង សោភ័ណភាពក្នុង​ទីលានប្រកួតបានរៀបចំឡើង ស្របតាមទស្សនាទានកីឡាកម្រិតខ្ពស់។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះ ត្រូវបានគណៈកម្មាធិការ​អូ​ឡាំ​​ពិកអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការយកចិត្តទុកដាក់ខ្ពស់​របស់សម្ដេចតេជោ ហ៊ុន សែន ដោយបានប្រគល់មេដាយមរតកអូឡាំពិកខ្ពស់​បំផុត​ជូនសម្ដេចតេជោ
ដែលជាសក្ខីភាពដ៏ឧត្តុង្គឧត្តមនៃមោទនភាពជាតិសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ចលនាអូឡាំពិកអន្តរជាតិ និងចលនាប៉ារ៉ាឡាំពិកអន្តរជាតិ បានវាយតម្លៃខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល គណៈកម្មាធិការរៀបចំការប្រកួត ប្រជាជនកម្ពុជា ដែលបាន​ប្រមូលអស់លទ្ធភាព សមត្ថភាព និងឆន្ទៈ មោះមុត បង្កើតភាព​អស្ចារ្យក្នុងចលនា​អូឡាំពិក-ប៉ារ៉ាឡាំពិក ដោយគោរពតាមស្ដង់ដា​អូឡាំពិកអន្តរជាតិ-ប៉ារ៉ាឡាំពិក​អន្តរជាតិ​យ៉ាងល្អប្រសើរ។

គណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិកគ្រប់ប្រទេសជាសមាជិកចូលរួម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលើកកម្ពស់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឈានដល់កម្រិតអូឡាំពិក និងប៉ារ៉ាឡាំពិកអន្តរជាតិ និងផ្ដល់នូវភាពអស្ចារ្យឱ្យកាន់តែល្បីល្បាញ និងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពី គ្រប់ទិសទី។ ក្នុងនោះដែរ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ក៏បានទទួលស្គាល់ស្តង់​ដា​រៀបចំល្អប្រសើរជាងលើកមុនៗ ហើយផ្តល់តម្លៃដល់អត្តពលិកមានពិការភាព​ខ្ពស់ក្នុង​នាមជាម្ចាស់ផ្ទះរៀបចំ៕

No comments:

Powered by Blogger.