គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ

 


(កណ្ដាល)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទម្លាយថា អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ។

ការទម្លាញឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ មិនត្រឹមតែចូលរៀនអត់បង់លុយនោះទេ ហើយចំពោះអ្នកចូលរៀនពេញម៉ោង នឹងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញទៅដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបន្ដផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ឲ្យបានគ្រប់ខេត្ដ-ក្រុង ហើយត្រូវរៀបចំនីតិវិធី នៃចុះឈ្មោះចូលរៀន ឲ្យមានភាពងាយស្រួលបំផុត ជូនដល់បងប្អូនដែលចង់ចុះឈ្មោះរៀន។

បើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានចំនួន១០វិស័យ ស្មើនឹង៣៨ជំនាញ។

គូសបញ្ជាក់ថា នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣នេះ ចំនួន ៦ចំណុច សម្រាប់ជាប្រយោជន៍ ដល់កម្មករនិយោជិត។

ក្នុងនោះ ការរៀបចំដាក់ឲ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១.៥លាននាក់ គឺជាអាទិភាពមួយ ក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំអំពីការរៀបចំ ដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឲ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ។

ក្នុងនោះ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍ សម្រាប់បងប្អូនកម្មករនិយោជិត៕

No comments:

Powered by Blogger.