គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវ​នឹ​​ង​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានដឹកនាំសមាជិក សមាជិការាជរដ្ឋាភិបាល អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​បូរណភាពទឹកដី​ និងឯកភាពជាតិខ្មែរ​ ក្នុងខួបលេីកទី១១​ព្រះវស្សា នៃការយាងសោយទិវង្គតរបស់ព្រះអង្គ។

ក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។

ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្តខ្មែរ និងមន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។

ស្នាព្រះហស្ថធំៗ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។

គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ ជាការសាងនូវភាពល្បីល្បាញ និងអន្ទងដួងចិត្ត និងបេះដូងរាស្ត្រខ្មែរនៅតែនឹករឭក និងចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ»។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូបឆ្ងុយឆ្ងប់ក្រាលគ្រប លើផែនពសុធានៃរដ្ឋកម្ពុជា៕

No comments:

Powered by Blogger.