ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, September 6, 2023

រដ្ឋមន្ត្រីទេសចរណ៍ ជំរុញដល់មន្ត្រីក្រោមឱវាទខិតខំពង្រឹងវិស័យទេសចរណ៍ជាតិ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ត្រូវខិតខំសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដៃគូអភិវឌ្ឍន៍ និងសហគមន៍នានា ធ្វើយ៉ាងណាពង្រឹងនិងពង្រីកអភិវឌ្ឍធនធានមនុស្ស ជំរុញឧត្តមភាពប្រកួតប្រជែងទេសចរណ៍ លើកកម្ពស់កិត្យានុភាពវប្បធម៌និងប្រពៃណីជាតិឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផាសុកភាព ព្រមទាំងផ្សព្វផ្សាយនូវភាពទាក់ទាញទាំងនោះទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ទាំងនេះជាការជំរុញណែនាំរបស់លោក សុខ សូកេន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ ក្នុងពេលដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ សរុបប្រមាណជាង២០០នាក់ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្នើឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់ឧត្តមភាពការងារដែលចាំបាច់ ក្នុងការគាំទ្រដល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធានាបាននូវស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព។

លោករដ្ឋមន្រ្តីផ្តោតការយកចិត្តទុកដាក់បន្ថែមលើការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈមនសិការ គុណធម៌ និងសីលធម៌ សម្រាប់បុគ្គលិក-និយោជិត និយោជក និងមន្រ្តីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ធ្វើយ៉ាងណាធានាបានថា «បុគ្គលិកម្នាក់ ជំនាញមួយ» ជាពិសេសការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន ព្រមទាំងលើកកម្ពស់សុខុមាលភាពមន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាបន្ន។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ទាំងអស់ត្រូវខិតខំបំពេញការងារ សំដៅសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្តែងបន្ថែមទៀត តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធ ធានាគុណភាព ប្រព័ន្ធចំណាត់ថ្នាក់ ប្រព័ន្ធស្តង់ដាការបណ្តុះបណ្តាល និងអភិវឌ្ឍកម្មវិធីសិក្សាទេសចរណ៍ និងការធ្វើសហថាមភាពការងារពាក់ព័ន្ធនឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញប្រសិទ្ធភាព និងសមិទ្ធផលទៅតាមការរំពឹងទុក ដូចមានចែងក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត «បង្កើន៥» និង «អភិវឌ្ឍ៣» ដែលលោករដ្ឋមន្រ្តីបានដាក់ចេញកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដោយផ្ដោតលើចង្កោមការងារអាទិភាពចំនួន៣សំខាន់ៗ។

លោករដ្ឋមន្រ្តីបានផ្តោតសារសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជំរុញឧត្តមភាពប្រកួតប្រជែងទេសចរណ៍ លើកកម្ពស់កិត្យានុភាពវប្បធម៌ និងប្រពៃណីជាតិឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយសុវត្ថិភាព និងផាសុកភាព។ បន្ថែមពីនេះ ត្រូវធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង និងគាំទ្រដល់សកម្មភាពធុរកិច្ច និងបុគ្គលបម្រើការក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕


0 Comments:

Post a Comment