រដ្ឋមន្ត្រី នេត្រ ភក្ដ្រា ក្រើនរំលឹកអ្នកសារព័ត៌មាន ខិតខំបង្កើនសមត្ថភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទំនុកចិត្តពីសាធារណៈជន
លោក នេត្រ ភត្រា ក្នុងឱកាសនោះ បានថ្លែងថា មេគង្គឡានឆានមានប្រទេសចំនួន៦ ដែលផឹកទឹកទន្លេរួមគ្នា។ ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀត ជាដៃគូសហការក្នុងគោលបំណងការពារថែរក្សាទឹកទន្លេមេគង្គដែលយើងប្រើរួមគ្នានេះ។ លោកស្នើប្រទេសទាំងនេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងផ្លាស់ប្តូរទស្សនៈ យោបល់ និងការចែករំលែកព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិត ដើម្បីចៀសវាងអរិភាព។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានក្រើនរំលឹកអ្នកសារព័ត៌មាន ឲ្យខិតខំពង្រឹងសមត្ថភាពដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ពោលអ្នកសារព័ត៌មានត្រូវតែមានសមត្ថភាព ហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានឲ្យសំបូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកចាត់ទុកថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាសកល ដែលត្រូវដោះស្រាយរួមគ្នា។
លោកបន្ដទៀតថា ចំពោះមុខនេះក្រសួងព័ត៌មាន បានដាក់ចេញបេសកកម្មអាទិភាពបី៖ ១៖ បញ្ហាសន្តិសុខព័ត៌មាន, ២៖ ការផ្តល់ពត៌មានដែលមានគុណភាព និង៣៖ ព័ត៌មានដែលមានសុវត្ថិភាព និងទុកចិត្តបាន។
ទន្ទឹមនេះឆ្លើយតបចំពោះស្ថានភាពអ្នកសារព័ត៌មានសព្វថ្ងៃ លោករដ្ឋមន្ត្រី បានផ្តល់ទជាស្សនទាន៣យ៉ាង រួមមាន៖ ទាំងអស់គ្នាត្រូវស្ថិតក្រោមដំបូលច្បាប់, ប្រមូលគំនិតជាធាតុចូលដើម្បីចងក្រងជាក្រមសីលធម៌វិជ្ជាជីវៈ ដែលជាបិធានរួមសម្រាប់អនុវត្ត និងអ្នកល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកក៏បានផ្តាំផ្ញើអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវឥរយាបថ អកប្បកិរិយា និងចរិតថ្លៃថ្នូរ ត្រូវធ្វើខ្លួនឲ្យបានសក្តិសមជាបុគ្គលគួរជាទីគោរព និងផ្តល់តម្លៃពីមជ្ឈដ្ឋានជុំវិញ ហើយត្រូវដើរតួអ្នកផ្តល់ព័ត៌មានពិតពីពលរដ្ឋ ទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាជនវិញ៕
No comments: