ភ្នំពេញ៖ គ្រឹះស្ថានអប់រំឯកជន នៅក្នុងរាជធានីភ្នំពេញ កំពុងដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅតាមសាលារៀងខ្លួន បន្ទាប់ពីមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ខណៈការប្រឡងនៅសាលាសាធារណៈរបស់រដ្ឋ នឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខ ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ន មានសាលាឯកជនបណ្ដើរៗហើយ បានរៀបចំការប្រឡងមធ្យមសិក្សាបឋមភូមិ ហើយនៅរាជធានីភ្នំពេញ មានសាលាឯកជនដល់ជាង ៩០ភាគរយ ដែលមានលទ្ធភាពប្រឡងដោយខ្លួនឯង ។
លោកបន្តថា ចំពោះការប្រឡងខ្លួនឯង គឺតម្រូវឲ្យអនុវត្តតាមលក្ខខ័ណ្ឌ ដែលបានដាក់ចេញ ហើយបើសាលាណាមិនបានអនុវត្តតាម មន្ត្រីរបស់ក្រសួងអប់រំនឹងចុះអធិការកិច្ច ប៉ុន្តែយ៉ាងណាគឺមានទំនុកចិត្តលើសាលាទាំងអស់នោះ ព្រោះតាំងពីមានការអនុញ្ញាត ឲ្យរៀបចំការប្រឡងខ្លួនឯងនេះ ពុំទាន់មានបញ្ហាអ្វីនោះទេ ហើយការប្រឡងដោយខ្លួនឯងរបស់សាលាឯកជននេះទៀតសោត ក៏បានជួយសម្រាលផងដែរ ដល់ការចំណាយរបស់ថវិកាជាតិ ។
លោកស្រី រស់ យ៉ាណា ប្រធានសាលាអន្តរទ្វីបអាមេរិកកាំង បានលើកឡើងថា នារយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រសួងអនុញ្ញាតទៅកាន់សាលាឯកជនទាំងឡាយ ដែលមានលទ្ធភាពរៀបចំការប្រឡងឌីប្លូមដោយខ្លួនឯង ដោយការអនុញ្ញាតនេះ ក៏បានបង្កភាពងាយស្រួលផងដែរ ក្នុងការធ្វើនីតិវិធី ការរៀបចំ និងកំណែតម្រងមួយចំនួន ។
លោកស្រី បានបន្តថា នៅពេលមានការររៀបចំដោយខ្លួនឯង គឺសាលាអន្តរទ្វីបអាមេរិកកាំង អាចច្នៃការងារទាំងឡាយ មានភាពច្បាស់លាស់ និងមានទំនុកចិត្ត ក្រោមការតម្រងទិស ក៏ដូចជាការផ្ដល់ឱវាទពីក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញផ្ទាល់ ហើយការប្រឡងកន្លងមកនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយសិស្សក៏ទទួលបានលទ្ធផលល្អ ។
ជាមួយនេះលោកស្រី រស់ យ៉ាណា បានបង្ហាញពីការប្ដេជ្ញា ធ្វើយ៉ាងណាឲ្យការប្រឡងនេះ បានប្រព្រឹត្តិទៅតាមការអនុញ្ញាតរបស់ក្រសួង ដែលបានដាក់ចេញ ក៏ដូចជាបន្តចូលរួមធ្វើឲ្យវិស័យអប់រំ នៅកម្ពុជាកាន់តែមានភាពរីកចម្រើន តាមរយៈការស្វែងរកនូវកម្មវិធីសិក្សាល្អៗ សម្រាប់សិស្សានុសិស្ស ។
គួរបញ្ជាក់ថា ចាប់ពីមានការឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ មានគ្រឹះអប់រំឯកជនមួយចំនួនបានស្នើសូមក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុញ្ញាតឲ្យពួកគេរៀបចំការប្រឡងមធ្យមសិក្សាបឋមភូមិដោយខ្លួនឯង ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ កុំឲ្យកើនឡើងកាន់តែខ្លាំង ៕ អត្ថបទ បាន សុខរិទ្ធិ
0 Comments:
Post a Comment