ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ ចំនួន០៥នាក់ ដែលជាអ្នកតំណាងឱ្យប្រជាពលរដ្ឋចំនួន២២៩គ្រួសារ រស់នៅភូមិភ្នំរៃ ឃុំតាតោក និងឃុំតាសាញ ស្រុកសំឡូត ខេត្ដបាត់ដំបង សូមថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុនសែន និង ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន ដែលបានសណ្តោសប្រណី ជួយអន្តរាគមន៍ ឱ្យពួកគាត់បាននៅក្រៅឃុំ ជួបជុំក្រុមគ្រួសារវិញ។
បងប្អូនប្រជាពលរដ្ឋ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម បណ្ឌិត លី សាម៉េត ឯកឧត្តម ដួង តារា សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បានសម្រេចដោះលែង ប្រជាពលរដ្ឋ ០៥នាក់ តាមពាក្យសុំធានាកូនក្តីនៅក្រៅឃុំបណ្តោះអាសន្ន របស់ លោកជំទាវមេធាវី តាំង ស៊ីនហុង រួមមានឈ្មោះ ៖
១- លោក ង៉ែត ចន្ថា អាយុ៤០ឆ្នាំ
២- លោក ហឿម ម៉ៃ អាយុ៤៧ឆ្នាំ
៣-លោក ធុង យៀង អាយុ២៩ឆ្នាំ
៤- លោក ធន់ ធាន អាយុ៣៣ឆ្នាំ
៥- លោកស្រី មាស ទូច អាយុ៣៣ឆ្នាំ
ដែលត្រូវបានចោទប្រកាន់ពីបទ៖ ប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈ(ដីរដ្ឋ) និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅឃុំ តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ហើយដែលត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣៕
0 Comments:
Post a Comment