រដ្ឋមន្ត្រីសុខាភិបាល ចែកប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនក្រុមគ្រូពេទ្យដែលបានរួមចំណែកក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ប្រមាណ៨០០នាក់
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមិថុនា ឆ្នំា២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណ៨០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីក៏បានរំលឹកអំពីបទពិសោធន៍ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លង ដែលកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូចមានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាពចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ គឺការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រដោយគណៈកម្មការ ចំនួន៤ រួមមាន៖
១៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់គ្រងអនុគណៈកម្មការចំណុះចំនួន១១
២៖ គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩
៣៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង
៤៖ ២៥ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។
លើសពីនេះទៀត «សម្ដេចតេជោនាយករដ្ឋមន្ត្រី
បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៦ រួមមាន គឺបន្តទប់ស្កាត់ការនាំចូលវីរុស
បំប្លែងថ្មី, កាត់បន្ថយទំហំដែលឆ្លង និងតំបន់ដែលឆ្លង
,ខិតខំរកវិធីព្យាបាលឱ្យឆាប់ជា, រុករក និងគ្រប់គ្រង,
ការចាត់ចែងនិងគ្រប់គ្រងសាកសព និងយុទ្ធនាការចាក់វ៉ាក់សាំង តាមអភិក្រមផ្ការីក
ដែលកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច
និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
មេរៀនបទពិសោធន៍ទាំងអស់នេះ
អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩
តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩
មិនទាន់ចប់នៅឡើយ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតី បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាព ប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។
ថ្មីៗនេះកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី អាគ្នេយ៍
លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម
ល្បីខ្ទរខ្ទាទូទាំងកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។
លោករដ្ឋមន្ត្រីបន្ដថា តម្លៃសន្តិភាព
ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត
ដែលជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួម
ថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់នៅរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ និយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវ័ន្ត ទោះបីជារាជធានីភ្នំពេញ និងទូទាំងប្រទេសបានរងនូវផលប៉ះពាល់ដោយ វិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំពាវនាវដល់ក្រុមគ្រូពេទ្យ ក៏ដូចជាប្រជាជនទាំងអស់ ត្រូវបន្ដទៅទទួលការចាក់វ៉ាក់សាំងការងារជំងឺកូវីដ-១៩ ដូសជំរុញបន្ថែម ទៅតាមកាលកំណត់៕
No comments: