ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Wednesday, June 28, 2023

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤០ «ការកាត់បន្ថយភាពក្រីក្រ »

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៤០ « ការកាត់បន្ថយភាពក្រីក្រ »

ចាប់ពីចុងឆ្នាំ ពោលគឺនៅខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីចុះចូលជាមួយរាជរដ្ឋាភិបាល ឬការធ្វើសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចុងក្រោយនៅតំបន់អន្លង់វែង ដែលគ្រប់គ្រងដោយ តាម៉ុក បានធ្វើឱ្យសង្រ្គាមដ៏រុំារ៉ៃ ជិត៣០ឆ្នាំនៅកម្ពុជា រវាងខ្មែរ និងខ្មែរ បញ្ចប់ជាស្ថាពរជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដ៏ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ ក៏ចាប់ផ្តើមឡើងដែរ ដើម្បីកសាងជាតិ និងកាត់បន្ថយភាព ក្រីក្រ។

ទោះបីការអភិវឌ្ឍនេះនៅឆ្ងាយពីក្តីរំពឹងទុក ឬមិនទាន់ទទួលយកបានដោយពេញចិត្ត១០០% ពីប្រជាពលរដ្ឋកម្ពុជា តែពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាមានការរីកចម្រើន ហើយបើតាមទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងផែនការ បង្ហាញថាកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្រៅពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច ចាប់ពីចុងឆ្នាំ១៩៩៨មក កម្ពុជាក៏បានសម្រេចក្នុងការចូលជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន និងចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកជាដើម។ ក្នុងនោះក៏សម្រេចបាននូវសមិទ្ធផល ផ្នែកវប្បធម៌មួយ ចំនួនធំផងដែរ។

ក្រោយពីបញ្ចប់សង្រ្គាមឆ្នាំ១៩៧៩មក របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រយុទ្ធនឹងភាពអត់ឃ្លានដើម្បីស្តារប្រទេសឡើងវិញ រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហាក់នៅតែមានចំនួនខ្ពស់នៅឡើយ។ តាមតួលេខបឋមបង្ហាញថា អត្រា នៃភាពក្រីក្រនៅកម្ពុជា ឆ្នាំ១៩៩៤ មានប្រជាពលរដ្ឋប្រមាណ៤៧% ឬចំនួនលើសពីនេះ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយជិត២០ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០១៤ មានប្រជាពលរដ្ឋបន្ថែមប្រមាណជាង២០%ទៀត ដែលនៅបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ។ ទិនន្នន័យនេះ ហាក់ខុសគ្នាបន្តិចពី របាយការណ៍របស់ធនាគារពិភពលោក(World Bank) ដែលចេញផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០១៤ថាអត្រាភាពក្រីក្រនៅកម្ពុជា រយៈពេល៧ឆ្នាំ គិតចាប់ពីឆ្នាំ២០០៤ មកបានធ្លាក់ចុះជាងពាក់កណ្តាល ដែលនាំឱ្យកម្ពុជា ក្លាយជាប្រទេសកាត់បន្ថយភាពក្រីក្រល្អជាងគេមួយក្នុងចំណោមប្រទេសដទៃទៀត។ តាមរយៈរបាយការណ៍វាយតម្លៃភាពក្រីក្រនៅកម្ពុជា ប្រចាំឆ្នាំ២០១៣ បានដាក់បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍រួម រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ បង្ហាញថាអត្រាភាពក្រីក្រនៅកម្ពុជា ធ្លាក់ចុះយ៉ាងគំហុកពី៥៣,២% នៅឆ្នាំ២០០៤ មកត្រឹម២០,៥% នៅឆ្នាំ២០១១ ដែលជាហេតុ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាប្រទេសដែលកាត់បន្ថយភាពក្រីក្រល្អជាងគេក្នុងពិភពលោក។ ក្នុងន័យនេះ ប្រជាពលរដ្ឋក្រីក្រចំនួន៧លាននាក់ក្នុងឆ្នាំ២០០៤ កាត់បន្ថយមក ត្រឹម៣លាននាក់ក្នុងឆ្នាំ២០១១។

អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា លោក គាត ឈន់ មានប្រសាសន៍ថា នេះជាជោគជ័យមួយសម្រាប់កម្ពុជាដែលស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយភាពក្រីក្រដែលកំណត់យ៉ាងហោចណាស់១% ក្នុង១ឆ្នាំ។ របាយការណ៍ដដែលនេះឱ្យដឹងដែរថា កត្តា៤ដែលជំរុញឱ្យប្រជាពលរដ្ឋចាកផុតពីភាពក្រីក្រ ក្នុងនោះមាន ការបង្កើនតម្លៃស្រូវ, កំណើនអត្រាថ្លៃឈ្នួលពលកម្មនៅតាមទីជនបទ, ការកើនឡើងនូវការងារដែលមានប្រាក់បៀវត្សរ៍នៅតាមទីប្រជុំជន និងកំណើនប្រាក់ចំណូលពីការប្រកបរបរជំនួញតូចតាច។

របាយការណ៍មួយផ្សេងទៀត ដែលចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០១៥ មន្រ្តីរាជរដ្ឋាភិបាល បង្ហាញថា បានកាត់បន្ថយភាពក្រីក្របានមុនផែនការ។ លោក ថេង បញ្ញាធន អគ្គនាយក នៃក្រសួងផែនការ និងជាអ្នកដែលទទួលបន្ទុកខាងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បញ្ជាក់ថាសម្រាប់គោលដៅទី១ គឺអត្រានៃការកាត់បន្ថយភាពក្រីក្រកម្ពុជា សម្រេចបានមុនឆ្នាំ២០១៥ ដោយសារឆ្នាំ២០១២ កម្ពុជាសម្រេចបាន១៨,៩% ហើយចំណុចដៅគឺ១៩,៥នៅឆ្នាំ២០១៥‍។ នេះជាគោលដៅទី១ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានចំនួន៩គោលដៅ ខណៈប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសសមាជិកដទៃទៀត នៃអង្គការសហប្រជាជាតិ នឹងត្រូវរាយការណ៍ពី សមិទ្ធផលក្នុងការខិតខំប្រឹងប្រែងឱ្យសម្រេចតាមការសន្យាកាលពីឆ្នាំ២០០០ ថានឹងសម្រេចឱ្យបាននៅឆ្នាំ២០១៥។

ក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អត្រានៃភាពក្រីក្រនៅកម្ពុជា នៅតែបន្តធ្លាក់ចុះជាលំដាប់ រហូតឆ្នាំ២០១៨ និង២០១៩ ក៏បន្តធ្លាក់ចុះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានឱ្យដឹងថា កម្ពុជាសម្រេចជោគជ័យនូវសូចនាករសំខាន់ៗមួយចំនួនមុនពេលកំណត់ ក្នុងនោះអត្រាភាពក្រីក្រកាត់បន្ថយពី២១,១% ក្នុងឆ្នាំ២០១០ មកនៅត្រឹម១៣,៥% នៅឆ្នាំ២០១៤។ កម្រិតនៃការធ្លាក់ចុះនេះ សម្រេចបានលឿនជាងចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលកំណត់នៅត្រឹម១៩,៥% ឆ្នាំ២០១៥ និង១៣,៨% ក្នុងឆ្នាំ២០១៨ ។ ការធ្លាក់ចុះអត្រានៃភាពក្រីក្រ ស្របគ្នានឹងការវាយតម្លៃរបស់ធនាគារពិភពលោកដែលប្រកាសកាលពីឆ្នាំ២០១៥ ដែរថា កម្ពុជាបានចាកផុតពីភាពក្រីក្រតោកយ៉ាក (Extrem Poverty) និងចាត់ជាប្រទេសដែលមានវឌ្ឍនភាពល្អជាងគេក្នុងតំបន់ ក្នុងការងារកាត់បន្ថយភាពក្រីក្ររបស់ខ្លួន។ លើសពីនេះ ភាពងាយរងគ្រោះបណ្តាលមកពីការអត់ឃ្លានធ្ងន់ធ្ងរ ក៏បានលុបបំបាត់ចោល ទាំងស្រុង។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏អះអាងអំពីការធ្លាក់ចុះនៃភាពក្រីក្ររបស់កម្ពុជានេះដែរ។ ជាក់ស្ដែងក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លើកឡើងថា ចំនួនប្រជាជនកម្ពុជា ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលមានរហូតទៅដល់លើសពីពាក់កណ្តាល នៅក្នុងឆ្នាំ១៩៩២ បានធ្លាក់ចុះមកក្រោម១៤% នៅក្នុងឆ្នាំ២០១៤ ធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ ជាប្រទេសជោគជ័យបំផុត និងឈានមុខគេលើពិភពលោក ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ។ លោក Samiuela Tukuafu ថ្លែងថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% រយៈពេល២០ឆ្នាំចុងក្រោយនេះ ធ្វើឱ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសឯតទគ្គករ កំណើនសេដ្ឋកិច្ចទាំង៦ នៅក្នុងពិភពលោក។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងនៅក្នុងសិក្ខាសាលាមួយថា ជារួមនៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានឆ្លើយតបជាសារវ័ន្តទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន កម្ពុជា ពិសេស រាជរដ្ឋាភិបាលសម្រេចបានជាអតិបរមា នូវអាទិភាពគោលនយោបាយទាំងឡាយ ដែលដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក៏ដូចជាបង្កើតបាននូវមូលដ្ឋានសម្រាប់ទ្រទ្រង់ នូវដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជា តទៅមុខទៀត។ រាជរដ្ឋាភិបាលធានា និងរក្សានូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងទិដ្ឋភាពខាងសេដ្ឋកិច្ច ការសម្រេចនូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងបរិការណ៍អត្រាអតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ គឺជាកំណើនមួយដ៏ខ្ពស់។ កំណើននេះ ជួយបង្កើតឱកាសការងារកាន់តែច្រើន និងឱកាស រកប្រាក់ចំណូលកាន់តែសមរម្យជូនប្រជាជន ដោយក្នុងនោះ កំណើននៃប្រាក់ចំណូលរបស់ប្រជាជនកើនឡើង លឿនជាងកំណើននៃសេដ្ឋកិច្ច កំណើននៃ ផ.ស.ស តាមថ្លៃបច្ចុប្បន្ន។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំនេះ ប្រាក់បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការកើនឡើងបីដង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតក៏កើនឡើងជាងពីរដងដែរ។ ក្រៅពីបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន រាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធមួយចំនួនទៀត ពិសេសចំពោះអ្នកមានចំណូលទាប និងអ្នកប្រកបអាជីវកម្មតូចតាច ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏លុបចោលមិនយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួនថែមទៀត។ ដូច្នេះជារួម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ រាជរដ្ឋាភិបាល បានបែងចែកផ្លែផ្កានៃកំណើន សេដ្ឋកិច្ចដែលបានសម្រេច ប្រកបដោយសមធម៌ និងទៅដល់ដៃប្រជាជនយ៉ាងពិតប្រាកដ ជាពិសេស អ្នកមានចំណូលទាប និងក្រុមជនងាយរងគ្រោះ។

បន្ថែមពីលើនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន អះអាងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សាស្ថានភាពម៉ាក្រូ សេដ្ឋកិច្ចបានល្អប្រសើរ និងសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧.៧%។ ដោយសារកំណើននេះ ធ្វើឱ្យកម្ពុជាសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ដែលក្នុងនោះអត្រាភាពក្រីក្ររបស់ កម្ពុជាធ្លាក់ចុះជាងពាក់កណ្តាល ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ គឺធ្លាក់ចុះពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម២០,៥% នៅឆ្នាំ២០១១។ នេះបើយោងតាមរបាយការណ៍វាយតម្លៃភាពក្រីក្រថ្មីរបស់ធានាគារពិភពលោក ដែលផ្សព្វផ្សាយនៅថ្ងៃ ទី២០កុម្ភៈ ឆ្នាំ២០១១ ធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៤ ជាប្រទេសដែលកាត់បន្ថយភាពក្រីក្រល្អជាងគេក្នុងពិភពលោក។ របាយការណ៍ ពីធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញថា អត្រានៃភាពក្រីក្រចុងក្រោយរបស់កម្ពុជាមានប្រជាជនប្រមាណ១៤%ប៉ុណ្ណោះ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈដែលកាលពី២០ឆ្នាំមុនអត្រានៃភាពក្រីក្រមានជាង៥០% នៃចំនួនប្រជាជនសរុប។ មន្ត្រីវាយតម្លៃជាន់ខ្ពស់ នៃធនាគារពិភពលោក (World Bank) ក៏បានវាយតម្លៃដែរថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៦ អត្រានៃភាពក្រីក្រនៅកម្ពុជាធ្លាក់ចុះពី៤០% មកត្រឹម១៣% នៃប្រជាជនសរុប ដែលបង្ហាញពីផលវិជ្ជមាននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាពរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងបាងកក ប្រទេសថៃ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី៥៣% មកត្រឹម១០% នាពេលបច្ចុប្បន្ន។ សម្តេចបញ្ជាក់ថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នៅឆ្នាំ២០១៩។ នៅចំពោះមុខអង្គសន្និបាតសម្តេចតេជោមានប្រសាសន៍បន្តថា សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតដើម្បីកសាងខឿនសេដ្ឋកិច្ច ហើយការអភិវឌ្ឍសង្គមជាតិឈរលើមូលដ្ឋាននេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧,៧%ក្នុងមួយឆ្នាំ ហើយក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ កម្ពុជាបានប្រែក្លាយខ្លួន ជាប្រទេសមួយ ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។ ដូច្នេះ ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ កម្ពុជា មានមហិច្ឆតាក្នុងការក្តាប់យកមកវិញនូវមោទកភាពជាតិ តាមរយៈការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ dara


0 Comments:

Post a Comment