គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលាឯកឧត្តម​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ: ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ​លោកជំទាវ Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ និង​ជម្រាបលា កាលពីថ្ងៃពុធ ៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមក រវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី(ADB)លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។

ទទ្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការរីកចម្រើន និងការកសាងឥតឈប់ឈរ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ និង​លើកឡើងពីតម្រូវការគោលនយោបាយ និងយុទ្ធសាស្រ្ត លើការគ្រប់គ្រងយានយន្តអគ្គិសនី ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដីផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យក្លាយជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍន៍ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត និង​បានស្នើសុំឱ្យប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្រ្តាចារ្យជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា។

លោកជំទាវ​ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់កិច្ចសហការល្អ ជាមួយប្រទេសកាណាដា និង​បាន​អញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តី ចូលរួមទិវាបុណ្យជាតិប្រទេសកាណាដា នាដើមខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងបានលើកឡើងពីបំណង នៃកិច្ចសហការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងសាលា ឬស្ថាប័នជំនាញផ្នែកហេដ្ឋរចនាសម្ព័ន្ធ នៃប្រទេសកាណាដា។

លោកជំទាវ Sarah Taylor ​ក៏បានលើកពីបច្ចេកវិទ្យា និងមូលនិធិហិរញ្ញវត្ថុ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រទេសកាណាដាបានអនុវត្ត នៅតាមតំបន់មួយចំនួនលើពិភពលោក ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួង​សាធារណការ)

No comments:

Powered by Blogger.