សម្ដេចតេជោ ហ៊ុន សែន៖ ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេម បានឆក់យកបេះដូងពលរដ្ឋកម្ពុជា និងប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ
នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។
សម្ដេចតេជោគូសបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុត នៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមកនេះ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់ដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង។
គួររម្លឹកថា នៅឆ្នាំ១៩៥៩ គឺ៦៤ឆ្នាំមុន ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងត្រូវបានរៀបចំឡើង។ ព្រឹត្តិការណ៍នេះបានរីកចម្រើនដល់១៤ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ព្រឹត្តិការណ៍លើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជានេះមានការចូលរួមពីអត្តពលិក និងមន្ត្រីពាក់ព័ន្ធ ចំនួន ១០០ ៨៩០ នាក់ ដែលនឹងចូលរួមប្រកួតប្រជែង ក្នុង៥៧៩ វិញ្ញាសា លើ ៣៦ ប្រភេទកីឡា៕ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ កន ចំណាន
No comments: