ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មីតម្លៃជិត ២លានដុល្លារ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ ១ដុល្លារ គ្រប់ ២លានដុល្លារ)។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាព សាលសវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។
អគារនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
លោក ឈិត សុខុន បានឱ្យដឹងដែរថា អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគចូលនូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើបកម្ម។
អគារនេះ មានលក្ខណៈសំខាន់ៗ ដូចខាងក្រោម៖
* ជាន់ផ្ទាល់ដី៖ ជាលំហគ្មានជញ្ជាំងមានខ្យល់ឆ្លងកាត់(ដូចផ្ទះខ្មែរសាងសង់ផុតពីដី)ប្រើប្រាស់ជាកន្លែងជួបជុំសមណនិស្សិត និស្សិត កន្លែងបង្ហាញព័ត៌មានសិក្សា ចំណតទោចក្រយានយន្ដ និងសួនច្បាររុក្ខជាតិបៃតង
* ជាន់ទី១៖ អាសនៈតម្កល់ព្រះឆាយាល័ក្ខណ៍សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
- បន្ទប់ព្រះសាកលវិទ្យាធិការ
- បន្ទប់សាកលវិទ្យាធិការរង
- ការិយាល័យច្រកចេញ-ចូលតែមួយ
- ការិយាល័យរដ្ឋបាល
- ការិយាល័យគណនេយ្យ
- ការិយាល័យសិក្សា
- បន្ទប់សាស្ដ្រាចារ្យ
* ជាន់ទី២៖ បន្ទប់សិក្សាចំនួន ៥ បន្ទប់
ជាន់ទី៣៖ សាលប្រជុំធំ(៨៩៩នាក់) សាលប្រជុំតូច(១០០នាក់) បន្ទប់រង់ចាំ (គណៈអធិបតី) បន្ទប់រៀបចំកម្មវិធី បន្ទប់សម្លៀកបំពាក់ និងតុបតែងបន្ទប់រៀបចំអាហារសម្រន់ បន្ទប់សង្គ្រោះបឋម និងបន្ទប់ដាក់សម្ភារៈ
* ជាន់ទី៤៖ បណ្ណាល័យតេជោសន្តិភាព
* ជាន់ទី៥ ដល់ទី៨៖ បន្ទប់សិក្សាសរុប ២០បន្ទប់
* ជាន់ទី៩៖ សាលសវនាការនិម្មិត និងសាលប្រជុំខ្នាតតូច ក្រឡាផ្ទៃសំណង់ អគារសរុប ៣,៧៩៥ ម៉ែត្រការ៉េ និងតភ្ជាប់ជាមួយអគារសម្តេចតេជោ ហ៊ុន សែន ទំហំ ១,៩២០ម៉ែត្រការ៉េ។ សរុបក្រឡាផ្ទៃអគារទាំងពីរទំហំ ៥៧១៥ ម៉ែត្រការ៉េ។
សំណង់ស្ថាបត្យកម្មអគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាប្រភេទសំណង់បេតុងអាម៉េ គោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេស ក្បូរក្បាច់ពិពិធវិចិត្ររចនា និងសោភ័ណភាពល្អប្រណិត។ អគារនេះ ប្រើប្រាស់រយៈពេលជាង ១០ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់មក។
ក្រៅពីនេះ អគារ កំពុងបំពាក់សម្ភារៈបរិក្ខារទំនើបៗ និង តភ្ជាប់បណ្តាញអ៉ីនធើណេតដែលមានល្បឿនលឿន ចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីការសាងសង់រួចចំនួន ៣៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងនៅខ្វះថវិកាចំនួន ២២ម៉ឺនដុល្លារបន្ថែមទៀត។ ការបំពាក់សម្ភារៈបរិក្ខារនេះ នឹងផ្តល់លទ្ធភាពដល់សមណនិស្សិត និស្សិត ក្នុងការប្រើប្រាស់ និងសិក្សាស្រាវជ្រាវ។ ទាំងទំហំ កម្ពស់ រចនាប័ទ្ម សំណង់ស្ថាបត្យកម្ម និងការបំពាក់សម្ភារៈបរិក្ខារ បានធ្វើឱ្យអគារសិក្សាថ្មីនេះ ក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រពុំធ្លាប់មានសម្រាប់ ពុទ្ធិកសិក្សានៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់សមណនិស្សិត និស្សិត ក៏ដូចជាកូនខ្មែរអាចបន្តការសិក្សា នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។
អគារនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញនូវអត្តសញ្ញាណជាតិ ដែលរួមបញ្ចូលគ្នានូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរជាច្រើន រំលេចចេញជាស្ថាបត្យកម្មខ្មែរបែបសហសម័យ ក្នុងសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ជាមរតករបស់រដ្ឋតរៀងទៅ។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ផ្ដួចផ្ដើមបង្កើតឡើងដោយព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងបានការប្រោសព្រះរាជទាននាមពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ មាននាមថា «ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា»។
ក្រោយមកពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តាមអនុក្រឹតលេខ៨៣ អនក្រ.ប.កចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ស្របតាមគោលការណ៍មនុស្សធម៌ និងតម្លៃស្នូលគឺ «មេត្តា សតិ បញ្ញា» ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជំនឿសាសនា និងការរើសអើងណាមួយឡើយ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាន៤ ពុទ្ធិកមហាវិទ្យាល័យរួមមាន៖ ១. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ, ២. ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស, ៣. ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ និង៤. ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា ដោយបណ្តុះបណ្តាលលើ ៧ឯកទេសរួមមាន៖ ១. អក្សរសាស្ត្រខ្មែរ, ២. ទស្សនវិជ្ជាព្រះពុទ្ធសាសនា, ៣. វិទ្យាសាស្ត្រអប់រំ, ៤. នីតិសាស្ត្រ, ៥. គ្រប់គ្រងទូទៅ, ៦. អក្សរសាស្ត្រអង់គ្លេស និង៧. វិទ្យាសាស្ត្រកុំព្យូទ័រ។
ជាងនេះទៅទៀត ពុទ្ធិកសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើឯកទេសចំនួន៧ ដូចជា៖ ១. អក្សរសាស្ត្រខ្មែរ, ២. គ្រប់គ្រងទូទៅ, ៣. បង្រៀនភាសាអង់គ្លេស, ៤. វិទ្យាសាស្ត្រអប់រំ, ៥. រដ្ឋបាលសាធារណៈ, ៦. នីតិឯកជន និង៧. ទស្សនវិជ្ជាព្រះពុទ្ធសាសនា។
ក្រោយពេលបញ្ចប់ការសិក្សា សមណនិស្សិត និស្សិតទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាន់ទទួលបានការប្រោសព្រះរាជទានសញ្ញាបត្រពី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាសមាជិក សមាគមសាកលវិទ្យាល័យអន្តរជាតិ នៃអង្គការ UNESCO ហៅកាត់ថា IAU ដែលមានសាកលវិទ្យាល័យជាង៦០០ ជាសមាជិក មកពី ១៣០ប្រទេសទូទាំងពិភពលោក។ ការណ៍នេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មី ដែលពុំធ្លាប់មានក្នុងប្រវត្តិពុទ្ធិកសិក្សានៅកម្ពុជា ក្នុងការលើកកម្ពស់ឧត្តមភាពពុទ្ធិកសិក្សាលើឆាកអន្តរជាតិ។
ក្រៅតែពីអគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមានអគារសិក្សាចំនួន៣ផ្សេងទៀត រួមមាន៖ ទី១. អគារព្រះករុណា ព្រះមហាក្សត្រ សីហមុនី មាន ៩បន្ទប់, ទី២. អគាររដ្ឋបាល មានចំនួន ៩បន្ទប់, ទី៣. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ២៤បន្ទប់៕
No comments: