ភ្នំពេញ :ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបញ្ជាក់ថា នេះហើយជាមោទកភាពខ្លាំងណាស់ដែលព្រះរាជាណាចក្រកម្ពុជាបានបញ្ចូល
ប្រភេទកីឡាអុកចត្រង្គ និងរៀបចំការប្រកួតកីឡាបានយ៉ាងរលូន។ ការគូសបញ្ជាក់របស់សម្ដេចពិជ័យសេនានេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនកីឡាករ កីឡាការិនីជ័យលាភី កីឡាអុកចត្រង្គ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «នេះសុទ្ធសឹងជារឿងមួយដែលកម្ពុជាមានបំណងប្រាថ្នាដ៏ធំធេងណាស់ ដើម្បីធ្វើឱ្យវិស័យកីឡាអុកចត្រង្គមានការរីកចម្រើន ដោយសារតែជាលើកដំបូងដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំការប្រកួតអុកចត្រង្គនេះ»។ សម្ដេចពិជ័យសេនាបានថ្លែងបញ្ជាក់ថា ចាប់ពីពេលនេះទៅសមាគមក្នុងកីឡាអាស៊ីអាគ្នេយ៍នេះ បានបញ្ចូលកីឡាអុកចត្រង្គនេះទៅក្នុងធម្មនុញ្ញទៅហើយ ដោយមានការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់ ពេលដែលស៊ីហ្គេមបានបំពេញ ឬធ្វើការងារនេះ។ សម្ដេចពិជ័យសេនាបានបន្ដថា ដូច្នេះកិច្ចការនេះគឺជាមោទកភាពមួយដែលកម្ពុជាបានបញ្ចូលកីឡាអុកចត្រង្គនេះ ក្នុងតំបន់របស់យើងរួចជាស្រេចហើយនៅពេលនេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា បំណងប្រាថ្នាធំបំផុតរបស់កម្ពុជា គឺធ្វើយ៉ាងម៉េច ក្នុងនាមជាម្ចាស់ផ្ទះ បដិសណ្ឋារកិច្ចដល់ប្រតិភូកីឡា កីឡាករ កីឡាការិនី និងប្រតិភូទាំងឡាយ ដែលមកចូលរួមនេះ ទទួលបានភាពកក់ក្ដៅ និងឃើញច្បាស់ពីគុណតម្លៃនៃសន្តិភាព ដែលធ្វើឱ្យប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាអាចចាត់ចែង និងធ្វើការងារធំៗជាច្រើនរហូតមកដល់ពេលនេះ កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។
ដោយឡែក អ្នកសារព័ត៌មានបរទេស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំ យកចិត្តទុកដាក់ និងផ្តល់ការទទួលយ៉ាងកក់ក្ដៅ៕ ដោយ៖ ទេស ច័ន្ទសុធារី, រូបថត៖ ស៊ិន សារ៉េតសម្រួលដោយ:ដារ៉ា
0 Comments:
Post a Comment