អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលសៀវភៅស្ដីពី "កូនប្រុសច្បងដ៏មានឥទ្ធិពល" សរុប ១ ៣០០ ក្បាល ពីឯកឧត្ដម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន
ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅស្ដីពី "កូនប្រុសច្បងដ៏មានឥទ្ធិពល" សរុបចំនួន ១ ៣០០ ក្បាល ប្រគល់ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងពិធីប្រគល់ និងទទួលនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឯកឧត្តម បណ្ឌិត គុណ ញឹម ការផ្តល់សៀវភៅដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយឯកឧត្ដមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ឯកឧត្ដមនឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតម្កល់ទុកនៅបណ្ណាល័យសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជាមូលដ្ឋានឱ្យមន្ត្រី និងសិស្ស និស្សិតឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន សមាជិកក្រុមប្រឹក្សាសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងជាប្រធានក្រុមការងារសៀវភៅបានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានថ្លែងថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" នឹងផ្តល់ជូនរដ្ឋបាលរាជធានី ខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ហើយនៅថ្ងៃនេះ គឺក្រុមការងារសៀវភៅបានបញ្ចប់បេសកកម្មទាំង ២៥ រាជធានី ខេត្ត ដោយជោគជ័យ និងរលូន ។
ឯកឧត្តម ពៅ សុខ ក៏បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួននៅក្នុងខេត្ត រាជធានីចំនួន២៥ ហើយសមាគមមានបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឱ្យបានទូទាំងប្រទេសនាពេលអនាគត៕
No comments: