ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Monday, March 13, 2023

សម្តេចក្រឡាហោម ចូលរួមបុណ្យផ្កាមហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេច បួរ គ្រី

ចំនួនអ្នកទស្សនា: Views

កណ្ដាល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នៅថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ទូលប្រគេន និង ជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំង ស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។

ក្នុងនោះពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះ ក៏ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការចូលរួមរក្សាការពារ សន្តិភាពនៅកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងបានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗ ជាអាទិ៍ ការទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាពក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទ ឱ្យលើកកម្ពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សា សន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ។

រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋ ដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឱ្យក្លាយទៅជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និង រាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ។ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា សាកលវិទ្យាល័យនេះផ្តួចផ្តើមបង្កើតឡើង ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង មានសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករង គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ ។ ប៉ុន្តែកម្មវិធីសិក្សា គឺអនុវត្តន៍ដូចនឹងគ្រឹះ ស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន ០៥ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យ វិស្វកម្ម និង ស្ថាបត្យកម្ម, និង មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងទេសចរណ៍ ដែលមានមុខជំនាញ សរុប ២០ជំនាញ។ សាកលវិទ្យាល័យបានបើកបវេសន កាលឆ្នាំសិក្សាថ្មី២០២២-២០២៣ ជំនាន់ទី១ កាលពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានសមណនិស្សិត និស្សិត កំពុងសិក្សាចំនួន ៦០០នាក់ ស្រី៣៣២នាក់ មានសាស្ត្រាចារ្យបង្រៀនចំនួន ២៣អង្គ-នាក់ ស្រី ០៣នាក់ និងមានថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកសរុបចំនួន ៩៧អង្គ-នាក់ ស្រី ១៦នាក់ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)

0 Comments:

Post a Comment