ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, February 15, 2023

ប្រធានាធិបតីអាល្លឺម៉ង់ ទទួលបដិសណ្ឋារកិច្ច និងជួបសន្ទនាជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ខណៈបំពេញទស្សនកិច្ចផ្លូវការ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ត្រូវបានទទួលបដិសណ្ឋារកិច្ច និងជួបសន្ទនាជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៅវិមានព្រឹទ្ធសភា ខណៈផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោកប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ ដោយលោកបានចុះចតនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤កុម្ភៈ ដើម្បីទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ក៏ដូចជាទស្សនាចំការមីន នៃគម្រោង Halo Trust និងឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។

ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ហើយក៏ជាទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់លើកដំបូង នៅក្នុងប្រទេសកម្ពុជាផងដែរ។

តាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺអំឡុងពេលទស្សនកិច្ចនេះ លោកប្រធានាធិបតី ក៏នឹងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕

0 Comments:

Post a Comment