(ភ្នំពេញ)៖
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ
របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៨
ខែមករា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។
មហាសន្និបាតប្រារព្ធឡើងក្រោមអធិបតីភាព
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា
ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល
ប្រធានគណបក្សទូទាំងប្រទេស
រួមទាំងមន្រ្តីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណខ្ទង់ពាន់នាក់។
បើតាម
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, គឺរយៈពេល២ថ្ងៃនេះ
នឹងមានរបៀបវារៈមួយចំនួន។ លោកថា នៅថ្ងៃដំបូង
នឹងមានពិធីបើកមហាសន្និបាតវិសាមញ្ញ ដែលថ្លែងសុន្ទរកថាបើក
ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, ការអានរបាយការណ៍អំពីលទ្ធផល
នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣
និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងកិច្ចពិភាក្សាមួយចំនួន។
ចំណែករបៀបវារៈថ្ងៃទី២
នៃមហាសន្និបាតវិសាមញ្ញ ត្រូវបានអ្នកនាំពាក្យរូបនេះបញ្ជាក់ថា
ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផល
នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣
និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយ
របស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨
និងមានមតិបូកសរុប និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជាជាដើម។
ក្រោយបញ្ចប់កម្មវិធី ក៏នឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃ មហាសន្និបាតវិសាមញ្ញនេះផងដែរ។
បើតាមសម្តេចតេជោ
ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន
កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ បានឱ្យដឹងថា មហាសន្និបាតវិសាមញនេះ
ធ្វើឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨
មានការចូលរួមតាំងពីថ្នាក់ដឹកនាំស្រុក រហូតដល់ថ្នាក់កំពូល
ដើម្បីផ្ដល់មតិទៅលើទិសដៅ ដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនោះ បញ្ហាមនុស្ស
ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលសម្ដេចធ្លាប់និយាយហើយថា ថវិកាឆ្នាំ២០២៣
គឺជាថវិកាបម្រើឲ្យមនុស្ស។
គណបក្សប្រជាជនកម្ពុជា
ជាគណបក្សដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា
ដែលគ្រប់គ្រងអំណាចរយៈពេល៦អាណត្តិមកហើយ។ គណបក្សនេះបន្តទទួលបានជោគជ័យ
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
កន្លងទៅនេះ ដោយទទួលបាន ៩,៣៧៦អាសនៈ ដែលដឹកនាំឃុំសង្កាត់ចំនួន
១៦៤៨ឃុំ/សង្កាត់ ក្នុងចំណោម១៦៥២ នៅទូទាំងប្រទេស៕
0 Comments:
Post a Comment