ជំនួបនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកណ្ដាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក ស៊ី ជីវុត្ថា នាយករដ្ឋបាលសាលាខេត្ត តំណាងលោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត។
ក្រោយស្ដាប់ការលើកឡើងរបស់ម្ចាស់អាជីវកម្មទូក-ដ រួចមក លោកនាយករដ្ឋបាលបានដាក់គោលការណ៍យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្មទាំងអស់ត្រូវតែគោរពតាមលក្ខណជាដាច់ខាត ព្រោះបើមានករណីស្លាប់មនុស្សទៀត ម្ចាស់អាជីវកម្មនោះនឹងត្រូវរងបណ្ដឹងអាជ្ញាមុនគេ ហើយត្រូវសងសំណងដល់ជនរងគ្រោះថែមទៀត។ ហើយគោលការណ៍ដែលមក បើពុំគោរពទេ នោះម្ចាស់ទីតាំងនឹងត្រូវបញ្ឈប់អាជីវកម្មភ្លាមដោយគ្មានការយោគយល់ ព្រោះរឿងនេះលោកអភិបាលខេត្តកណ្ដាល យកចិត្តទុកដាក់ណាស់ ហើយលោកតាមដានជានិច្ចចំពោះកិច្ចការនេះ។
នាយករដ្ឋបាលខេត្តកណ្តាល បានបញ្ជាដល់រដ្ឋបាលតាមស្រុកនីមួយៗ ចាប់ពីថ្ងៃនេះទៅ ត្រូវតាមដានឱ្យបានគ្រប់ជ្រុងដោយរាយការណ៍ពីការវិវត្តន៍របស់ទូក-ដ នៅតាមមូលដ្ឋានរៀងៗខ្លួន ដោយរាយការណ៍មករដ្ឋបាលខេត្តជារៀងរាល់ចុងសប្ដាហ៍ ដើម្បីតាមដានថា តើម្ចាស់អាជីវកម្មរូបណាខ្លះដែលបានអនុវត្តន៍តាម ឬអនុវត្តន៍បានដល់កម្រិតណាហើយ។
លោក ស៊ី ជីវុត្ថា បានអះអាងថា ឱសានវាទដែលលោកអភិបាលខេត្តដាក់មក យ៉ាងយូរដាច់ខែមករានេះ ដូច្នេះ ទោះយ៉ាងណាក៏ដោយ សូមម្ចាស់ជីវកម្មទូក-ដទាំងឡាយត្រូវគោរព និងធ្វើតាមឱ្យខានតែបាន បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការលុបអាជ្ញាបណ្ណចោលជាមិនខានឡើយ។
ស្ថិតក្នុងជុំនុំនេះដែរ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត បានលើកឡើងពីពន្យល់ដល់ម្ចាស់ទុក-ដ ទាំងអស់ពីបថដ្ឋានបច្ចេកទេសនៃទូក-ដ ដែលត្រូវដាក់ឲ្យប្រើប្រាស់ឲ្យសរបតាមស្តង់ដា ដែលទូកបច្ចេកទេសទាំងនោះ ខាងសាធារណការនឹងចុះពិនិត្យមើល និងតាមដានមើលលើរឿងនេះ ដោយពុំឲ្យមានទូក-ដ ណាខុសបច្ចេកទេសឡើយ។
សូមជម្រាបជូនថា បន្ទាប់ពីកើតមានករណីសោដកានកម្មលិចទូក-ដ បណ្ដាលឲ្យស្លាប់សិស្សសាលា១១នាក់ នៅស្រុកលើកដែក អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយមើលលើបញ្ហារឿងនេះ ប៉ុន្តែ គ្មាននរណាធ្វើការបានច្បាស់លាស់ល្អឡើយ រហូតមកដល់ផ្ទុះរឿងរអិលធ្លាក់កង់៣ឥណ្ឌាបណ្ដាលឱ្យកុមារីម្នាក់លង់ទឹកស្លាប់ នៅស្រុកស្អាង ទើបបណ្ដាលឱ្យអភិបាលខេត្តរឹតតែឈួលក្ដៅ និងខឹងយ៉ាងខ្លាំង ដោយដាក់បញ្ជាដាច់ណាត់មកលើមន្ត្រីថ្នាក់ក្រោម ឱ្យធ្វើរឿងនេះឱ្យមានប្រសិទ្ធភាពជាដាច់ខាត ទើបឃើញមន្ត្រីពាក់ព័ន្ធស្ទុះស្ទារកោះប្រជុំនេះឡើង។
សូមបញ្ជាក់ថា អាជីវកម្មទូក-ដ នៅខេត្តកណ្ដាល ដែលបានចុះបញ្ជីត្រឹមត្រូវមានចំនួន ៣៩ទីតាំង ហើយសល់ប៉ុន្មានជាច្រើនទៀត ត្រូវបានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពុងរៀបចំឱ្យពួកគេចុះបញ្ជីឱ្យស្របច្បាប់ ហើយតាមដឹងច្បាស់ ទីតាំងដែលបង្កឱ្យមនុស្សស្លាប់ដោយធ្លាក់ទឹក ឬលង់ទឹកស្លាប់ គឺភាគច្រើនកើតឡើងចំពោះទូក-ដ ពុំទាន់មានច្បាប់នេះឯង៕
0 Comments:
Post a Comment