ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ​ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

<ផ្ទាំងផ្សាយពាណិជ្ជកម្ម >

ផ្សាយពាណិជ្ជកម្ម

Friday, July 16, 2021

ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋ ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប បានចាប់ផ្តើមហើយនៅព្រឹកមិញនេះ ខណ:ឃុំផ្សេងទៀតនឹងដំណើរការនៅពេលក្រោយ

 


(សៀមរាប)៖ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា យុទ្ធនាការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំពួក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងបរិវេណវត្តខេមរាសាមគ្គីមុន្នីរង្សី ហៅវត្តធម្មយុត្ត ហើយការសម្រេចឲ្យដំណើរការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម បានចុះមកត្រួតពិនិត្យទីតាំងនេះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ។

លោក ស៊ិន ចាន់ថុល មានប្រសាសន៍ថា នៅពេលនេះ យើងបានដំណើរការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំពួកតែប៉ុណ្ណោះ ក្នុងចំណោមឃុំទាំង១៤ របស់ស្រុក ដោយសារតែរដ្ឋបាលស្រុកទទួលបានវ៉ាក់សាំងជំហានដំបូងនេះ ចំនួនជាង១៩,០០០ដូសប៉ុណ្ណោះ ហើយប្រជាពលរដ្ឋនៅក្នុងឃុំពួក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួនជាង១ម៉ឺននាក់។ ដូច្នេះប្រសិនហើយរដ្ឋបាលស្រុក ទទួលបានវ៉ាក់សាំងបន្តទៀត រដ្ឋបាលស្រុកនឹងរៀបចំចាក់វ៉ាក់សាំងនេះ នៅពេលបន្តបន្ទាប់បន្ថែមទៀត ហើយយើងនឹងធ្វើការបែងចែកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅបណ្ដាឃុំផ្សេងៗទៀតផងដែរ ។

លោកមានប្រសាសន៍បន្ថែមថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅពេលនេះ និងពេលមុន គឺជាគោលការណ៍ស្ម័គ្រចិត្ត ពុំមានគិតថ្លៃអ្វីទាំងអស់ ប៉ុន្តែមុនពេលបងប្អូនទៅចាក់វ៉ាក់សាំងសូមទំនាក់ទំនងជាមួយមេភូមិ ឬឃុំ ដើម្បីទទួលបានឯកសារសម្រាប់ចាក់វ៉ាក់សាំងនៅតាមភូមិ ឃុំដែលបងប្អូនរស់នៅ។ ប៉ុន្តែសំខាន់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការសុវត្ថិភាពនានាដូចជា ៖ រក្សាគម្លាត, សណ្តាប់ធ្នាប់, នៅទីតាំងចាក់វ៉ាក់សាំង , សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុនដោយព្រួយបារម្ភ ឬខ្លាចមិនបានចាក់វ៉ាក់សាំងនោះ តែតាមពិតរាជរដ្ឋាភិបាលនឹងផ្តល់ជូនប្រជាពលរដ្ឋដែលមានចាប់អាយុ១៨ឆ្នាំឡើងទៅឱ្យបានគ្រប់ៗគ្នា ។

គួររំលឹកថា យុទ្ធនាការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត បានចាប់ផ្ដើមដំបូង នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ ខណ:នៅតាមបណ្ដាស្រុក បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ៕ អត្ថបទ និងរូបភាព: លោកលីវ សាន្ត កែសម្រួលដោយ លីវ សុខុន


0 Comments:

Post a Comment