(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ បានដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យ នៃកងពលតូចអន្ដរាគមន៍លេខ៨ ចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ខេត្ដសៀមរាប។
ឯកឧត្ដម ស ថាវី បានបញ្ជាក់ថា ការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន ៤ឃុំ ដែលមានប្រជាពលរដ្ឋត្រូវទទួលវ៉ាក់សាំង អាយុ១៨ឆ្នាំឡើងមានចំនួនជិត ២ម៉ឺននាក់។ ដែលដំណើរការចាក់ដោយក្រុមគ្រូពេទ្យប្រតិបត្ដិការជាង ១០០នាក់ មកពីកងពលតូចលេខ៨ របស់កងពលធំអន្ដរាគមន៍លេខ៣ ខេត្ដព្រះវិហារ ហើយទីតាំងដែលចាក់មានតែនៅក្នុងវិទ្យាល័យអង្គរធំតែប៉ុណ្ណោះ ដោយការចាក់មានវេនម្ដង ២ឃុំ។ សម្រាប់នៅថ្ងៃទី១៦ ខែកក្កដានេះ មានប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសទី១ ជាច្រើនរយនាក់ ហើយក្រុមការងារបានរៀបចំអោយប្រជាពលរដ្ឋមានដំណើរការយ៉ាងរលួន ដោយមួយថ្ងៃអាចចាក់ជូនពួកគាត់ប្រមាណជិត ១ពាន់នាក់។ ឯកឧត្ដមបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត មិនប្រកាន់និន្នាការនយោបាយ ឬប្រាក់កម្រៃឡើយ ដោយគ្រាន់តែប្រជាពលរដ្ឋមានសំបុត្រកំណើត សៀវភៅគ្រួសារ អត្ដសញ្ញាណប័ណ្ណ ហើយមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចចាក់បានទាំងអស់។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងនៅពេលនេះ ពួកគាត់បានសម្ដែងការពេញចិត្ដ ចំពោះការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ។ ពួកគាត់លើកឡើងទៀតថា៖ (...សម្ភាសន៍ប្រជាពលរដ្ឋ០៤នាក់ ..) ។
សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជំហ៊ានទី២ ទៅតាមបណ្ដាស្រុកចំនួន១១ នៃខេត្ដសៀមរាប ត្រូវបានដំណើរការចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីការចាក់វ៉ាក់សាំងជំហ៊ានទី១ ដូសទី១ ទៅលើប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលបានចាប់ផ្ដើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងមក ហើយតាមការប៉ាន់ប្រមាណប្រជាពលរដ្ឋដែលមានអាយុត្រូវបានទទួលវ៉ាក់សាំងមានចំនួនប្រមាណ៣០ម៉ឺននាក់៕ អត្ថបទ និង រូបភាព៖ លោកបូ សាវី កែសម្រួលដោយ លីវ សុខុន
0 Comments:
Post a Comment