ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ​ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

<ផ្ទាំងផ្សាយពាណិជ្ជកម្ម >

ផ្សាយពាណិជ្ជកម្ម

Friday, July 16, 2021

លទ្ធផលនៃការបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល៦ខែឆ្នាំ២០២១ ក្រោមសមត្ថកិច្ចក្រសួងបរិស្ថាន

 

ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១–ក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ ជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥កន្លែងដែលមានផ្ទៃដីសរុប ៧,៣លានហិកតា។

រយៈពេល៦ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន ១៤.៤២២ លើកក្នុងនោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤.២៣៨ ករណី។ ក្នុងចំណោមបទល្មើសទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន ៥១១ ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន ៥១៥ ករណីដែលករណីភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២.៤៦២ គ្រឿង ដកហូតរថយន្តចំនួន ១៨២ គ្រឿង គោយន្តចំនួន ៣០៨ គ្រឿង ម៉ូតូចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រចំនួន ២៤ គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥.៥៩៦ អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ ដើម។

ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារ ធម្មជាតិ និងអង្គការដៃគូក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធាន ធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងគោរពតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវគោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារនិងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕ ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ ក្រសួងបរិស្ថាន

0 Comments:

Post a Comment